The context is written by unqualified investment advisor or non-licensed investment advisor (Me), thus please be on precaution of using this context. The successful investors should get the investment advice from qualified or licensed investment advisor (Securities Firms) along with their comprehensive understanding of their investments.

Wednesday, September 14, 2011

ភាគហ៊ុនធម្មតា និងភាគហ៊ុនបុរិមា

ភាគហ៊ុនធម្មតា

ភាគហ៊ុនធម្មតា  ជាឧបករណ៍កម្មសិទ្ធិ អ្នកដែលទិញវានឹងក្លាយជាម្ចាស់មួយផ្នែក ឬក្លាយជា   ភាគហ៊ុនិកនៃក្រុមហ៊ុនបោះផ្សាយមូលបត្រ។ មូលបត្រកម្មសិទ្ធិនេះត្រូវបាន ហៅថា ភាគហ៊ុនធម្មតា ព្រោះដើម្បីផ្តាច់លក្ខណៈដាច់ដោយឡែក ដែលមានខុសគ្នា ជាមួយនឹងភាគហ៊ុនបុរិមា។
ម្ចាស់ភាគហ៊ុនធម្មតា មានសិទ្ធិបោះឆ្នោតសម្រេចរាល់ប្រតិបត្តិការរបស់ក្រុមហ៊ុន។ ម្ចាស់        ភាគហ៊ុនធម្មតាមានឥទ្ធិពលលើអាជីវកម្មរបស់ក្រុមហ៊ុន តាមរយៈសិទ្ធិបោះឆ្នោត ក្នុងការសម្រេចចិត្តលើទិសដៅ និងគោលនយោបាយរបស់ក្រុមហ៊ុន ព្រមទាំងជ្រើស រើសក្រុមប្រឹក្សាភិបាលជាដើម។ ម្ចាស់ភាគហ៊ុនធម្មតាទាំងអស់របស់ក្រុមហ៊ុនធ្វើការបោះឆ្នោត ដើម្បីជ្រើសរើសក្រុមប្រឹក្សាភិបាល។ បន្ទាប់មក ក្រុមប្រឹក្សាភិបាលនឹងធ្វើការជ្រើសរើស អ្នកគ្រប់គ្រងក្រុមហ៊ុន ដែលជាអ្នកគ្រប់គ្រងក្រុមហ៊ុនជាអចិន្រ្តៃ។ អ្នកគ្រប់គ្រងនេះ មានតួនាទីទទួលខុសត្រូវក្នុងការបង្កើនផលប្រយោជន៍របស់ភាគហ៊ុនិក តាមរយៈការបង្កើន ថ្លៃរបស់មូលបត្រកម្មសិទ្ធិ ក៏ដូចជាអាចធ្វើអោយក្រុមហ៊ុនមាន  លទ្ធភាពទូទាត់ភាគលាភ យ៉ាងទៀងទាត់ដល់ភាគហ៊ុនិកជាដើម។
នៅក្នុងករណីក្រុមហ៊ុនក្ស័យធន ម្ចាស់ភាគហ៊ុនធម្មតានឹងទទួលបានការទូទាត់សង ក្រោយម្ចាស់ភាគហ៊ុនបុរិមា ម្ចាស់សញ្ញាប័ណ្ណ និងម្ចាស់បំណុលជាដើម។ ប៉ុន្តែទោះយ៉ាងណា ម្ចាស់ភាគហ៊ុនធម្មតាទទួលបានចំណេញពីដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនជាងម្ចាស់ភាគហ៊ុនបុរិមា និងម្ចាស់សញ្ញាប័ណ្ណ ដោយអាស្រ័យទៅតាមស្ថានភាពអាជីវកម្មរបស់ក្រុមហ៊ុន បោះផ្សាយ។
ម្ចាស់ភាគហ៊ុនធម្មតាអាចទទួលបានការទូទាត់ភាគលាភប្រែប្រួល និងកម្រិតចំណេញ មូលធនមួយខ្ពស់ នៅពេលពួកគេលក់ភាគហ៊ុនរបស់ខ្លួន ទៅតាមស្ថានភាពអាជីវកម្មជាក់ស្តែង របស់ក្រុមហ៊ុនដែលបោះផ្សាយ។ ប៉ុន្តែក្រុមហ៊ុនបោះផ្សាយមូលបត្រគ្មានកាតព្វកិច្ច ផ្លូវច្បាប់ណាមួយក្នុងការបង់    ភាគលាភទៅឱ្យភាគហ៊ុនិកឡើយ។ ឥណប្រតិទាន របស់ភាគហ៊ុនធម្មតា គឺគ្មានកំណត់ទេ ហើយទទួលបានការទូទាត់សង់ក្រោយគេបង្អស់ និង បំណុលមានកំណត់ មានន័យថានៅពេលក្រុមហ៊ុនក្ស័យធន ម្ចាស់ភាគហ៊ុនធម្មតា នឹងទទួលបានការទូទាត់សងក្រោយគេ ឬក៏រួមចំណែកខាតបង់មានកម្រិតត្រឹមតម្លៃភាគហ៊ុន ដែលខ្លួនបានទិញប៉ុណ្ណោះផងដែរ។ ចំណាំការទូទាត់សងក្រោយគេនេះមិនមែន ទូទាត់តាមតម្លៃនៃភាគហ៊ុននោះទេ ប៉ុន្តែទូទាត់តាមចំណែកនៃភាគហ៊ុនដែលមាន​ ធៀបនឹងសំណល់ដែលសល់ពីការទូទាត់សងដល់ម្ចាស់ភាគហ៊ុនបុរិមា។ ដូចនេះតម្លៃទូទាត់ អាចធំជាងតម្លៃភាគហ៊ុនប្រសិន  បើសំណល់ពីការទូទាត់សងដល់ម្ចាស់ភាគហ៊ុនបុរិមា ធំជាងតម្លៃមូលធនីយកម្ម ឬតម្លៃភាគហ៊ុនធម្មតាសរុប។


ភាគហ៊ុនបុរិមា

ភាគហ៊ុនបុរិមា ជាមូលបត្រកម្មសិទ្ធិពិសេសមួយ ដែលមានលក្ខណៈទាំងពីរ គឺលក្ខណៈជាឧបករណ៍កម្មសិទ្ធិផង និងឧបករណ៍បំណុលផង។ ជាទូទៅវាត្រូវបាន គេហៅថា ឧបករណ៍កូនកាត់។ មូលបត្រកម្មសិទ្ធិនេះមានឈ្មោះថាភាគហ៊ុនបុរិមា ព្រោះម្ចាស់ភាគហ៊ុននេះនឹងទទួលបានការទូទាត់ភាគលាភមុនម្ចាស់ ភាគហ៊ុនធម្មតា ប៉ុន្តែជាទូទៅម្ចាស់ភាគហ៊ុននេះពុំមានសិទ្ធិក្នុងការបោះឆ្នោតឡើយ។ នៅពេលក្រុមហ៊ុន ក្ស័យធន ហើយលក់ទ្រព្យសកម្មរបស់ខ្លួននោះ ម្ចាស់ភាគហ៊ុនបុរិមា ទទួលបានចំណែក ទូទាត់សងការខូចខាតមុនម្ចាស់ភាគហ៊ុនធម្មតា។ ម្យ៉ាងទៀតភាគហ៊ុនបុរិមាអាចមានលក្ខណ
ដែលអាចប្តូរទៅជាភាគហ៊ុនធម្មតាបាន ដែលលក្ខណៈនេះកំណត់ដោយលក្ខខណ្ឌដែល មានចុះក្នុង     ប័ណ្ណភាគហ៊ុន ឬវិញ្ញាបនបត្រភាគហ៊ុននៅពេលបោះផ្សាយលក់    ។
ជាទូទៅភាគហ៊ុនបុរិមានេះមានលក្ខណៈប្រហាក់ប្រហែលនឹងសញ្ញាប័ណ្ណដែរ ព្រោះវា ត្រូវបានក្រុមហ៊ុនធ្វើចំណាត់ថ្នាក់បំណុល ផ្តល់ចំណាត់ថ្នាក់ឱ្យ។ ហើយដែលជាទូទៅចំណាត់ថ្នាក់ របស់ភាគហ៊ុនបុរិមាទាំងនេះ ត្រូវបានគេចាត់ថ្នាក់ទាបជាងសញ្ញាប័ណ្ណ ព្រោះតែភាគលាភរបស់ភាគហ៊ុនរបស់វាមិនត្រូវបានធានាថានឹងទូទាត់អោយម្ចាស់កម្មសិទ្ធិដូចការប្រាក់របស់សញ្ញាប័ណ្ណឡើយ។
ភាគហ៊ុនបុរិមា ជាមូលបត្រកម្មសិទ្ធិពិសេសមួយដែលអាចមានលក្ខណៈផ្សេងៗ គ្នារួមបញ្ចូលគ្នា ហើយលក្ខណៈទាំងនេះខ្លះពុំមានដូចភាគហ៊ុនធម្មតាឡើយ។ ជាទូទៅ ម្ចាស់ភាគហ៊ុនបុរិមាមានអាទិភាពក្នុងការទទួលបានការទូទាត់ភាគលាភមុនម្ចាស់ភាគហ៊ុនធម្មតា។ ភាគលាភរបស់ភាគហ៊ុនបុរិមាពុំមានការធានាថាវាអាចនឹងត្រូវបានក្រុមហ៊ុន ទូទាត់នោះទេ ប៉ុន្តែប្រសិនបើក្រុមហ៊ុនធ្វើការទូទាត់ភាគលាភ ក្រុមហ៊ុនត្រូវ ធ្វើការទូទាត់មុនគេទៅអោយម្ចាស់ភាគហ៊ុនបុរិមាតាមអត្រាភាគលាភថេរមួយ ដែល បានកំណត់លើប័ណ្ណភាគហ៊ុនបុរិមា​ មុនពេលក្រុមហ៊ុនធ្វើការទូទាត់ភាគលាភឱ្យម្ចាស់ ភាគហ៊ុនធម្មតា។ ភាគហ៊ុនបុរិមា​អាចមាន ឬគ្មានលក្ខណៈបង្គរនៃភាគលាភរបស់ខ្លួន។ ប្រសិនបើភាគហ៊ុនបុរិមាមាន  លក្ខណៈបង្គរនៃភាគលាភរបស់ខ្លួន បានន័យថានៅពេល ក្រុមហ៊ុនពុំបានធ្វើការទូទាត់ភាគលាភឱ្យពួកគេនៅកាលបរិច្ឆេទ ដែលបានកំណត់ពី ការទូទាត់យ៉ាងទៀងទាត់ដែលមានចុះនៅលើប័ណ្ណភាគហ៊ុនបុរិមា នោះនៅពេល ការទូទាត់ភាគលាភលើកក្រោយ ក្រុមហ៊ុនត្រូវធ្វើការទូទាត់ភាគលាភចាស់នេះដែល មិនបានជាមួយនឹងភាគលាភថ្មីដែលត្រូវបាន។ ឧទាហរណ៍ ក្នុងកាលបរិច្ឆេទ “ក”  ក្រុមហ៊ុនបោះផ្សាយត្រូវទូទាត់ភាគលាភឱ្យម្ចាស់ភាគហ៊ុនបុរិមាតែបែជាមិនបានទូទាត់ នោះនៅកាលបរិច្ឆេទ “ខ”  ក្រុមហ៊ុនបោះផ្សាយត្រូវទូទាត់ទ្វេគុណ (ក+ខ) ដល់ម្ចាស់ ភាគហ៊ុនបុរិមាសិន មុនបែងចែកភាគលាភទៅម្ចាស់ភាគហ៊ុនធម្មតា។
ម្ចាស់ភាគហ៊ុនបុរិមាមានអាទិភាពក្នុងការទទួលបានការទូទាត់សងការខូចខាត នៅ ពេលក្រុមហ៊ុនក្ស័យធនមុនម្ចាស់ភាគហ៊ុនធម្មតា។ ការទូទាត់សងការខូចខាតនេះ គឺអាចទូទាត់ស្មើតម្លៃដើមរបស់ភាគហ៊ុននៅពេលវាបោះផ្សាយលក់ ពោលគឺតាមតម្លៃចារឹក នៃភាគហ៊ុនបុរិមា ប្រសិនបើនៅក្រោយពេលទូទាត់ដល់ម្ចាស់សញ្ញាប័ណ្ណ និង​ម្ចាស់បំណុល សំណល់នៅមានទំហំស្មើ ឬធំជាងទំហំតម្លៃសរុបដើមរបស់ភាគហ៊ុនបុរិមា នៅពេលបោះផ្សាយលក់។
លក្ខណៈផ្សេងៗទៀតមានដូចជា៖
- ភាគហ៊ុនបុរិមាអាចប្តូរទៅជាភាគហ៊ុនធម្មតា នៅពេលវាបំពេញ តាមលក្ខខណ្ឌដែលបានចុះក្នុងប័ណ្ណភាគហ៊ុនបុរិមានោះ។​​​
-               ភាគហ៊ុនបុរិមាអាចត្រូវបានក្រុមហ៊ុនបោះផ្សាយវាកំណត់លក្ខខណ្ឌ និងកំណត់ ឥណប្រតិទាន​ប្រមូលទិញវាវិញបាន។
- លក្ខណៈម្យ៉ាងទៀត ភាគហ៊ុនបុរិមាអាចទទួលបានភាគលាភតាមអត្រាថេរ ធៀបនឹងតម្លៃចារឹករបស់ភាគហ៊ុនខ្លួន ហើយអត្រាថេរនេះក៏អាចនឹងត្រូវបានកែតម្រូវទៅតាមអត្រាប្រែប្រួលទៅតាមអត្រាការប្រាក់ ក៏ដូចជាអត្រាប្តូរប្រាក់ជាដើមផងដែរ។
- ចំណុចចុងក្រោយគឺម្ចាស់ភាគហ៊ុនបុរិមាពុំមានសិទ្ធិក្នុងការបោះឆ្នោតឡើយ ប៉ុន្តែ អាចមានលក្ខខណ្ឌកំណត់ផ្សេងក្នុងភាគហ៊ុនបុរិមានោះ ដែលផ្តល់សិទ្ធិដល់ ម្ចាស់ភាគហ៊ុនក្នុងការបោះឆ្នោត ដូចជានៅពេលដែលម្ចាស់ភាគហ៊ុនបុរិមា មិនត្រូវបានក្រុមហ៊ុនទូទាត់ភាគលាភឱ្យច្រើនដងជាប់គ្នាជាដើម។
លក្ខណៈដែលបានលើកឡើងទាំងអស់ខាងលើនឹងមានកំណត់យ៉ាងច្បាស់លើភាគហ៊ុនបុរិមា។

No comments:

Post a Comment