យោងតាមការសិក្សាស្រាវជ្រាវលើសារណាបញ្ចប់ការសិក្សាស្តីពី “កម្ពុជា និង ទីផ្សារភាគហ៊ុន” អត្ថបទសិក្សាស្រាវជ្រាវស្តីពី “យន្តការនៃការបែងចែកភាគលាភក្នុង វិស័យមូលបត្រ”១០ ៖
និយមន័យនៃភាគលាភ
ភាគលាភ គឺជាចំណែកជាទម្រង់ផ្សេងៗ ដែលក្រុមហ៊ុនបោះផ្សាយមូលបត្របាន ធ្វើការបែងចែកឱ្យភាគហ៊ុនិកតាមកម្រិតនៃភាគកម្មរបស់ខ្លួននៅក្នុងដើមទុនផ្ទាល់របស់ក្រុមហ៊ុន។ ចំណែកដែលចាត់ទុកថាជាភាគលាភត្រូវផ្អែកតាមលក្ខខណ្ឌដោយពុំគិតថា ក្រុមហ៊ុន មាន ឬគ្មានប្រាក់ចំណូល ឬប្រាក់ចំណេញចរន្តឡើយ។
ចំពោះភាគហ៊ុនធម្មតា មួយចំណែកនៃភាគលាភនឹងត្រូវកាត់ទុកសម្រាប់បង់ពន្ធជូនរដ្ឋ និងចំណែកដែលនៅសល់នឹងត្រូវប្រគល់ឱ្យភាគហ៊ុនិក។ ទំហំរបស់ភាគលាភទាក់ទងទៅនឹង បរិមាណមូល-បត្រកម្មសិទ្ធិដែលកំពុងចរាចរណ៍នៅលើទីផ្សារមូលបត្រ។ ទោះយ៉ាងណា ភាគលាភជាទូទៅមានទំហំច្រើនជាងទំហំនៃការប្រាក់សន្សំ ហេតុនេះវានៅតែទាក់ទាញ វិនិយោគិនជាងជម្រើសវិនិយោគមួយចំនួនដូចជា ការដាក់ប្រាក់នៅធនាគារដើម្បីយក ការប្រាក់ជាដើម។
គោលបំណងនៃការទូទាត់ភាគលាភ
គោលបំណងនៃការទូទាត់ភាគលាភ វាអាស្រ័យនឹងគោលនយោបាយភាគលាភ របស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។ គោលនយោបាយនៃការទូទាត់ភាគលាភនេះ អាស្រ័យលើកត្តាច្រើនយ៉ាងមានដូចជា ស្ថានភាព ឱកាស តំរូវការ ផែនការ និងគោលនយោបាយផ្សេងៗរបស់ក្រុមហ៊ុនជាដើម។
ក្រុមហ៊ុនដែលមិនបានទូទាត់ភាគលាភ អាចជាសញ្ញាណបញ្ជាក់ថា ក្រុមហ៊ុនមាន អសោធនភាពហិរញ្ញវត្ថុ ឬមិនមានប្រាក់ចំណេញក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។ បើទោះបីជាក្រុមហ៊ុនមិនមានអសោធនភាពហិរញ្ញវត្ថុ ឬមានប្រាក់ចំណេញក្នុង ដំណើរការអាជីវកម្មរបស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុនកំពុងប្រថុយធ្វើអាជីវកម្មរបស់ខ្លួនដោយ ប្រឈមទៅនឹងហានិភ័យ ដែលត្រូវបានគេយល់ឃើញថា ក្រុមហ៊ុនមានអសោធនភាព ហិរញ្ញវត្ថុ ឬ មិនមានប្រាក់ចំណេញក្នុងដំណើរការអាជីវកម្មរបស់ខ្លួន។ ជាពិសេស ក្រុមហ៊ុនត្រូវបានគេគិតថា ពុំបានទុកប្រយោជន៍វិនិយោគិន ឬភាគហ៊ុនិកជាធំ ដែលទីបំផុតភាគហ៊ុនិកអាចបញ្ចប់ការវិនិយោគ និងលក់មូលបត្រកម្មសិទ្ធិរបស់ខ្លួន។ ចរន្តធម្មតា នៅពេលក្រុមហ៊ុនមិនបានទូទាត់ភាគលាភ ថ្លៃរបស់មូលបត្រកម្មសិទ្ធិនៅលើ ទីផ្សារនឹងធ្លាក់ចុះ។
ប៉ុន្តែនៅពេលក្រុមហ៊ុនទូទាត់ភាគលាភ មិនមានចរន្តណាមួយដែលធានាថា ថ្លៃរបស់មូលបត្រកម្មសិទ្ធិនៅលើទីផ្សារនឹងឡើងថ្លៃនោះទេ។ ទាំងនេះបណ្តាលមកពីទម្រង់ នៃការទូទាត់ ភាគលាភរបស់ក្រុមហ៊ុន និងមូលហេតុដែលនាំឱ្យមាន ការទូទាត់ភាគលាភជាទម្រង់ទាំងអស់នោះ។
១០ - ណូ លីដា (២០០៦), កម្ពុជា និង ទីផ្សារភាគហ៊ុន, ភ្នំពេញ: សាលកវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, ទំព័រ ២២-២៥
- កែ ដានីត (២០១១), យន្តការបែងចែកភាគលាភក្នុងវិស័យមូលបត្រ, ភ្នំពេញ: គណៈកម្មការមូលបត្រកម្ពុជា
No comments:
Post a Comment