The context is written by unqualified investment advisor or non-licensed investment advisor (Me), thus please be on precaution of using this context. The successful investors should get the investment advice from qualified or licensed investment advisor (Securities Firms) along with their comprehensive understanding of their investments.

Tuesday, September 13, 2011

តួនាទី និង សារៈសំខាន់នៃទីផ្សារមូលបត្រនៅក្នុង ប្រព័ន្ធសេដ្ឋកិច្ច

យោងតាមការសិក្សាស្រាវជ្រាវលើរបាយការណ៍កម្មសិក្សាបញ្ចប់ ការសិក្សា ស្តីពី “ការយល់ដឹងរបស់ប្រជាជននៅទីក្រុងភ្នំពេញពីទីផ្សារមូលបត្រ” សារណាបញ្ចប់​ការសិក្សាស្តីពី “កម្ពុជា និង ទីផ្សារភាគហ៊ុន” និងសៀវភៅ សិក្សាស្រាវជ្រាវស្តីពី “បិរញ្ញប្បទានរបស់ក្រុមហ៊ុនពាណិជ្ជកម្មតាមរយៈទីផ្សារមូលបត្រ”
ទីផ្សារមូលបត្រមានតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ច។ ទីផ្សារនេះជាប្រភព​ ហិរញ្ញប្បទានថ្មីមួយ បន្ទាប់ពីប្រភពហិរញ្ញប្បទានផ្ទាល់ខ្លួន និងប្រភពហិរញ្ញប្បទាន តាមរយៈធនាគារ។ ហិរញ្ញប្បទាន គឺជាចលករដ៏ចំបងដែលធានាដល់គម្រោង វិនិយោគរបស់វិស័យឯកជន និងវិស័យសាធារណៈឱ្យអនុវត្តទៅមុខបាន។ ការអនុវត្តគម្រោងវិនិយោគ ចាំបាច់ត្រូវការនូវហិរញ្ញប្បទាន។ គម្រោងវិនិយោគនឹងត្រូវបង្អាក់ ប្រសិនបើហិរញ្ញប្បទានមានមិនគ្រប់គ្រាន់សម្រាប់ការវិនិយោគនោះទេ។ ហិរញ្ញប្បទាន សំដៅដល់មូលធន ហើយមូលធនដែលផ្តល់តាមរយៈហិរញ្ញប្បទានផ្ទាល់ខ្លួន មានទំហំតូច ចំណែកមូលធនដែលផ្តល់តាមរយៈហិរញ្ញប្បទានដោយប្រយោលតាមរយៈធនាគារច្រើនមាន ឥណប្រតិទានរយៈពេលខ្លី។
ទីផ្សារមូលបត្រធ្វើឱ្យមានលំហូរសាច់ប្រាក់ពីភ្នាក់ងារសេដ្ឋកិច្ចដែលមានមូលធនច្រើន ឬនៅសល់ទំនេរទៅឱ្យភ្នាក់ងារសេដ្ឋកិច្ចដែលមានមូលធនតិច ឬ ខ្វះដើមទុន ក្នុងការចំណាយដល់ការវិនិយោគរបស់ខ្លួន។ ទីផ្សារមូលបត្រក្នុងន័យនេះនឹងធ្វើឱ្យមាន ការអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈការផ្តល់ទុនដល់ការពង្រីកសកម្មភាពនៃការវិនិយោគរបស់វិស័យឯកជន ការវិនិយោគរបស់វិស័យសាធារណៈ ក៏ដូចជាផ្តល់ទុនដល់គម្រោងវិនិយោគថ្មី ដែលមានសក្តានុពល។ ការផ្តល់ទុនដល់់ការពង្រីកសកម្មភាពនៃ      ការវិនិយោគនេះ នឹង ធ្វើឱ្យមានកំណើនរិតតែប្រសើរលើផលិតភាពនៃផលិតកម្មទាំងទំនិញ និងសេវាកម្ម។ ចំណែកការផ្តល់ទុនដល់គម្រោងវិនិយោគថ្មីដែលមានសក្តានុពល គឺបង្កើនភាពសំបូរបែប នៃផលិតកម្មទាំងទំនិញ និងសេវាកម្ម។ ការផ្តល់ទុននេះផងដែរ ធ្វើឱ្យកម្រិតសកម្មភាព វិនិយោគនៅក្នុងប្រទេស កើនឡើង ដែលវាអាចជួយបង្កើតនូវការងារថ្មីដល់ប្រជាជន ពោល គឺវាអាចផ្តល់ចំណូលបន្ថែមក្នុងការជួយបង្កើនកម្រិតជីវភាពរបស់ប្រជាជនបានមួយកម្រិតទៀត។
ទិដ្ឋភាពជារួមនៃតួនាទី និងសារៈសំខាន់នៃទីផ្សារមូលបត្រ​ក្នុងប្រព័ន្ធសេដ្ឋកិច្ច តាមអត្ថន័យខាងលើ៖
-  សម្រាប់វិស័យឯកជន៖ ទីផ្សារមូលបត្រផ្ដល់ជាទីកន្លែងសម្រាប់ ដាក់លក់មូលបត្រ ដែលជំរុញឱ្យអ្នកដែលមានតម្រូវការមូលធន (ក្រុមហ៊ុនបោះផ្សាយមូលបត្រ) សម្រាប់ពង្រីកនូវសកម្មភាពអាជីវកម្មរបស់ខ្លួន អាចធ្វើការការបោះផ្សាយលក់ មូលបត្រកម្មសិទ្ធិ ឬមូលបត្របំណុលលក់ទៅឱ្យអ្នកដែលផ្គត់ផ្គង់មូលធន (អ្នកវិនិយោគសាធារណៈ) ក្នុងការកៀរគរមូលធនដើម្បីបំពេញតម្រូវការរបស់ខ្លួន។ បន្ថែមពីនេះទៀត ទីផ្សារមូលបត្រផ្ដល់ឱកាសវិនិយោគដល់ក្រុមហ៊ុនបោះផ្សាយ មូលបត្រដែលមានទំហំតូច ឱ្យបោះផ្សាយលក់មូលបត្រដើម្បីកៀរគរមូលធន សម្រាប់បំពេញឱ្យមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធ្វើអាជីវកម្មរបស់ខ្លួនបានផងដែរ។ កត្តានេះធ្វើឱ្យមានភាពរីកចំរើននៃវិស័យវិនិយោគជាច្រើន ដែលជំរុញឱ្យ ការផ្គត់ផ្គង់ទំនិញ និងសេវាកម្មឆ្លើយតបបានទៅនឹងតម្រូវការក្នុង និងក្រៅប្រទេស ក៏ដូចជាផ្តល់ការងារធ្វើដល់ប្រជាជន ដែលធ្វើឱ្យប្រជាជនមានចំណូលបន្ថែម សម្រាប់លើកកំពស់កម្រិតជីវភាពរបស់ពួកគាត់ឱ្យមានភាពសមរម្យ ល្អប្រសើរ និងបង្កើនការប្រើប្រាស់របស់ ពួកគាត់។ ពោល គឺធ្វើឱ្យតម្រូវការទំនិញ និងសេវាកម្ម ក្នុងប្រទេសកាន់តែកើនច្រើនឡើងជាបន្តបន្ទាប់។ ទាំងនេះ បញ្ជាក់ថាទីផ្សារមូលបត្រធ្វើឱ្យប្រព័ន្ធសេដ្ឋកិច្ចមានការអភិវឌ្ឍន៍ថែមមួយកម្រិតទៀត។
-  វិស័យសាធារណៈ រដ្ឋាភិបាលអាចបង្កើនដើមទុនមួយចំនួន តាមរយៈការបោះផ្សាយ លក់មូលបត្ររដ្ឋ និងការប្រមូលពន្ធពីមូលបត្រដែលធ្វើការជួញដូរក្នុងទីផ្សារ មូលបត្រជាដើម ដើម្បីឆ្លើយតបទៅនឹងចំណាយសាធារណៈ និងគម្រោង អភិវឌ្ឍន៍នៅក្នុងប្រទេស ក្នុងទិសដៅសម្របសម្រួល និង ធ្វើឱ្យសកម្មភាព សេដ្ឋកិច្ចប្រព្រឹត្តទៅបានដោយរលូន។ បន្ថែមពីនេះ ទីផ្សារមូលបត្រធ្វើឱ្យ រដ្ឋាភិបាលអាចកៀរគរទុនយកមកស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុង ប្រទេស ដើម្បីជួយសម្រួលដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ក៏ដូចជាការអភិវឌ្ឍន៍ប្រទេសជាតិក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ក្នុងទិសដៅ ដើម្បីឆ្លើយតបទៅនឹងតម្រូវការសង្គម និងសុខុមាលភាពសាធារណៈ​ជាដើម។ ជាពិសេស គោលបំណងរបស់ទីផ្សារមូលបត្រ គឺធ្វើជាឧបករណ៍គោលនយោបាយ ហិរញ្ញវត្ថុរបស់រាជរដ្ឋាភិបាលក្នុងការគ្រប់គ្រង ត្រួតពិនិត្យ និងតម្រង់ទិសសេដ្ឋកិច្ច បានមួយចំណែក។
អ្នកវិនិយោគសធារណៈអាចប្រើប្រាស់មូលធន ដែលគេបានសន្សំទុក ឬមូលធន នៅទំនេររបស់ពួកគាត់ ដើម្បីស្វែងរកចំណូលបន្ថែម។ ឧទាហរណ៍ វិនិយោគិនអាចទិញ មូលបត្របំណុល ដើម្បីទទួលបានការប្រាក់ និង វិនិយោគិនអាចទិញមូលបត្រកម្មសិទ្ធិ ដើម្បីទទួលបានភាគលាភ ដែលជាចំណែកនៃប្រាក់ចំណេញបានពីសកម្មភាពអាជីវកម្ម របស់ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ និង ទទួលបានចំណេញមូលធន ដែលបានពីការលក់មូលបត្របានក្នុងតម្លៃខ្ពស់ជាងតម្លៃទិញរបស់ខ្លួនពីមុនជាដើម (សេចក្តី លម្អិតពីហេតុផលនៃការទិញ-លក់មូលបត្រកម្មសិទ្ធិនឹងត្រូវបកស្រាយក្នុង Blog បន្ទាប់នេះ ព្រោះ​មូលបត្រកម្មសិទ្ធិជាប្រភេទមូលបត្រដែលនឹងត្រូវបានទិញ-លក់ជាលើកដំបូងនៅពេល ទីផ្សារមូលបត្រនៅកម្ពុជាដាក់ឱ្យដំណើរការ)។ ប្រភពចំណូលបន្ថែមរបស់អ្នកវិនិយោគ សាធារណៈនេះ អាចលើកកំពស់កម្រិតជីវភាពរបស់ពួកគាត់មានភាពសមរម្យ ល្អប្រសើរ និងបង្កើនការប្រើប្រាស់របស់ពួកគាត់ ពោលធ្វើឱ្យតម្រូវការទំនិញ និងសេវាកម្ម ក្នុងប្រទេសកាន់តែច្រើនជាបន្តបន្ទាប់ ដែលជាកត្តាជម្រុញកំណើនសេដ្ឋកិច្ច។ កត្ដានេះផងដែរដូចបានរៀបរាប់ខាងលើ គឺធ្វើឱ្យមានសាច់ប្រាក់មានសកម្មភាពក្នុងសេដ្ឋកិច្ច ពោលសាច់ប្រាក់សន្សំ និងនៅទំនេរត្រូវបង្វែរមុខព្រួញទៅរកការវិនិយោគ ដែលជំរុញឱ្យមានប្រសិទ្ធិភាពសេដ្ឋកិច្ចកាន់តែខ្ពស់។
ទីផ្សារមូលបត្រមានតួនាទី ធ្វើឱ្យមានលំហូរសាច់ប្រាក់ពីការសន្សំទៅកាន់ ការវិនិយោគមួយ ដែលនឹងផ្ដល់សារៈសំខាន់ចំពោះសេដ្ឋកិច្ច បើគ្មានទីផ្សារមូលបត្រ សាច់ប្រាក់នឹងត្រូវទុកទំនេរ ឬរកចំណូលបានតិច។ នៅពេលគ្មានទីផ្សារមូលបត្រ អ្នកវិនិយោគសាធារណៈរក្សាប្រាក់សន្សំរបស់ពួកគេទុក ជាហេតុធ្វើឱ្យឱកាសរកចំណូល បន្ថែមរបស់ពួកគាត់ត្រូវបាត់បង់ ធ្វើឱ្យតម្រូវការផលិតផលទំនិញ និងសេវាកម្ម មានសន្ទុះយឹត។ ម្យ៉ាងវិញទៀត ទីផ្សារមូលបត្រក៏ជំរុញឱ្យមានលំហូរមូលធនពីអ្នកដែល មិនមានឱកាសវិនិយោគទៅអ្នកដែលមានឱកាសវិនិយោគ ដែលធ្វើឱ្យមានប្រសិទ្ធិភាព នៅក្នុងសេដ្ឋកិច្ច។ លុះបើគ្មានទីផ្សារនេះទេ ឱកាសវិនិយោគប្រសិទ្ធភាព ទាំងនោះនឹងនៅជាប់គាំង។ ការជាប់គាំងនេះធ្វើឱ្យបាត់បង់ឱកាសបង្កើតការងារជូនប្រជាជន។ ម្យ៉ាងទៀតឃើញថា ទីផ្សារមូលបត្រមានទំនាក់ទំនង ជាមួយសេដ្ឋកិច្ចយ៉ាងជិតស្និត បើគ្មានទីផ្សារមូលបត្រ រដ្ឋាភិបាលបានបាត់បង់នូវឧបករណ៍គោលនយោបាយហិរញ្ញវត្ថុ ដ៍ប្រសិទ្ធិភាពមួយក្នុងការតម្រង់ទិសសេដ្ឋកិច្ចជាតិ។
ហើយលើសពីនេះទៅទៀត ទីផ្សារមូលបត្រក៏នឹងជំរុញឱ្យមានការគោរព ច្បាប់កាន់តែ​ច្រើន​ ជាពិសេសគឺការគោរពច្បាប់ពន្ធដា និងបង្កើនការចុះបញ្ជី ពាណិជ្ជកម្មស្របច្បាប់របស់ក្រុមហ៊ុន​មួយចំនួនដែលព្យាយាមប្រកបអាជីវកម្មក្នុង ទម្រង់សេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ ព្រោះថាអាជីវកម្មប្រភេទនេះមិន​អាចចេញ  វិក័យបត្រ ឬលិខិតស្នាមផ្លូវការផ្សេងៗ ដែលជាតម្រូវការរបស់ក្រុមហ៊ុនបោះផ្សាយ ក្នុងការធ្វើឱ្យមានតម្លាភាពព័ត៌មានហិរញ្ញវត្ថុបានទេ។
តាមអត្ថន័យដែលបកស្រាយខាងលើនេះ ​ទីផ្សារមូលបត្រ គឺជាចលករនៃ ការរួមចំណែកក្នុង ការអភិវឌ្ឍន៍ប្រព័ន្ធសេដ្ឋកិច្ចយ៉ាងពិតប្រាកដ។

 


- សាន្ត សុភាវត្តី, (២០០៩), ការយល់ដឹងរបស់ប្រជាជននៅក្នុងទីក្រុងភ្នំពេញពីទីផ្សារ មូលបត្រ, ភ្នំពេញ៖ សាកលវិទ្យាល័យន័រតុន, ទំព័រ ៩-១១
    - ណូ លីដា (២០០៦), កម្ពុជា និង ទីផ្សារភាគហ៊ុន, ភ្នំពេញ៖  សាលកវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច, ទំព័រ ៨
    - សាស្រ្តាចារ្យ ញាន វណ្ណៈ (២០០៩), “ហិរញ្ញប្បទានរបស់ក្រុមហ៊ុនពាណិជ្ជកម្មតាមរយៈទីផ្សារមូលបត្រ”, ភ្នំពេញ, ទំព័រ ១០-១៦

No comments:

Post a Comment