The context is written by unqualified investment advisor or non-licensed investment advisor (Me), thus please be on precaution of using this context. The successful investors should get the investment advice from qualified or licensed investment advisor (Securities Firms) along with their comprehensive understanding of their investments.

Friday, September 16, 2011

ដំណើរការនៃការទូទាត់ភាគលាភ

ការសំរេចចិត្តក្នុងការទូទាត់ភាគលាភ គឺត្រូវធ្វើឡើងដោយក្រុមប្រឹក្សា ភិបាលរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។ ក្រុមប្រឹក្សាភិបាលត្រូវប្រជុំពិភាក្សាគ្នាយ៉ាង ម៉ត់ចត់មុននឹងប្រកាសទូទាត់ភាគលាភទៅកាន់ភាគហ៊ុនិករបស់ខ្លួន ព្រោះនៅ ពេល ដែលភាគលាភត្រូវបានប្រកាស វានឹងក្លាយជាបំណុល របស់ក្រុមហ៊ុន ដែលក្រុមហ៊ុននឹងមិនអាចកែប្រែ ឬលុបចោលការទូទាត់នេះដោយងាយស្រួលនោះ​​ទេ។​ ក្រុមប្រឹក្សាភិបាលនឹងប្រកាសនូវពេលវេលា កាលបរិច្ឆេទផ្សេងៗ ដែលពាក់ព័ន្ធនឹងការទូទាត់   ភាគលាភ។ នៅពេលការទូទាត់ភាគលាភបានប្រកាស ដំណើរការនៃការទូទាត់ភាគលាភនឹងត្រូវបានធ្វើទៅតាមដំណាក់ និងតាម កាលបរិច្ឆេទដែលបានកំណត់យ៉ាងជាក់លាក់។​ ខាងក្រោមនេះជានីតិវិធីក្នុងដំណើរការនៃការទូទាត់ភាគលាភ៖
-               កាលបរិច្ឆេទប្រកាស ជាកាលបរិច្ឆេទ ដែលក្រុមប្រឹក្សាភិបាលសំរេច និងប្រកាសពីការទូទាត់ ភាគលាភ។ នៅក្នុងការប្រកាស នេះ កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះ​ភាគហ៊ុនិកដែលត្រូវទទួល បាន ភាគលាភ ឬសិទ្ធិនិងកាលបរិច្ឆេទទូទាត់នឹងត្រូវបាន ប្រកាស ឱ្យដឹង។ ឧទាហរណ៍ នៅថ្ងៃទី ១ ខែ មករា ក្រុមប្រឹក្សាភិបាលបានប្រកាស ថា នឹង          ទូ​ទាត់ភាគលាភ ២០០០ រៀល ក្នុង ១ មូលបត្រ នៅថ្ងែទី ១ ខែ កុម្ភៈ ទៅឱ្យភាគហ៊ុនិក        ទាំងអស់ ដែលមានក្នុងបញ្ជីឈ្មោះ​ភាគហ៊ុនិកដែលត្រូវទទួល បានភាគលាភ ឬសិទ្ធិនៅថ្ងៃទី​ ១៥ ខែ មករា។
-               កាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ ជាកាលបរិចេ្ឆទដែលសម្រាប់កំណត់ អត្តសញ្ញាណភាគហ៊ុនិក ដែលនឹងត្រូវបានកត់ត្រាទុកនៅក្នុងកាល បរិច្ឆេទប្រកាសបញ្ជីឈ្មោះ​ភាគហ៊ុនិកដែលត្រូវទទួល បានភាគលាភ ឬសិទ្ធិនូវសិទ្ធិពេញលេញជាផ្លូវការ ដើម្បីប្រាកដថា ភាគលាភ នឹងត្រូវបានទូទាត់ឱ្យខ្លួន ទោះបីភាគហ៊ុនិកលក់ មូលបត្រកម្មសិទ្ធិ របស់ខ្លួនហើយក៏ដោយ តែការលក់របស់ពួកគាត់ ត្រូវបញ្ជាក់ថា ពួកគាត់មានមូលបត្រកម្មសិទ្ធិមុន កាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ ហើយគាត់ លក់ក្រោយកាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍។ ក្នុងរូបភាពអ្នកទិញ ប្រសិនបើ គាត់ទិញមូលបត្រកម្មសិទ្ធិមុនកាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ នោះគាត់នឹង មានសិទ្ធិទទួលបានភាគលាភពីក្រុមហ៊ុន  ប្រសិនបើគាត់មិនលក់វាវិញមុន កាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ដដែល។ ប៉ុន្តែប្រសិនបើគាត់ទិញមូលបត្រកម្មសិទ្ធិ ក្រោយកាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ នោះ គាត់គ្មានសិទ្ធិទទួលបាន ភាគលាភពីក្រុមហ៊ុនទេ។ កាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍នេះ បង្កើតឡើងដោយប្រតិបត្តិករទីផ្សារ មូលបត្រ ដោយមានរយៈពេល ១ ថ្ងៃនៃថ្ងៃធ្វើការមុនកាល បរិច្ឆេទប្រកាសបញ្ជីឈ្មោះ​ភាគហ៊ុនិកដែលត្រូវទទួល បានភាគលាភ ឬសិទ្ធិ។ តាមការប្រកាសខាងលើ ថ្ងៃទី ១៤ ខែ មករា គឺជាកាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍។ សរុបសេចក្តីមក នៅចន្លោះកាលបរិច្ឆេទប្រកាស និងកាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ មូលបត្រ    កម្មសិទ្ធិនឹងត្រូវបានធ្វើការជួញដូរដោយមានភាគលាភ ដូចនេះថ្លៃរបស់ មូលបត្រកម្មសិទ្ធិកើនឡើងឆ្លើយតបនឹងទំហំភាគលាភដែលនឹងត្រូវទូទាត់។ ចំណែកឯនៅកាលបរិច្ឆេទ         អ៊ិចឌីវីដឹនដ៍ ជាថ្ងៃចាប់ផ្តើមទីមួយ ដែលមូលបត្រកម្មសិទ្ធិនឹងត្រូវបានជួញដូរដោយគ្មានភាគលាភនៅលើទីផ្សារម្តងទៀត ជាហេតុធ្វើឱ្យថ្លៃរបស់មូលបត្រកម្មសិទ្ធិធ្លាក់ចុះ ឆ្លើយតបនឹងទំហំរបស់ភាគលាភ ដែលនឹងត្រូវទូទាត់ផងដែរ។
- កាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះ​ភាគហ៊ុនិកដែលត្រូវទទួល បានភាគលាភ ឬសិទ្ធិ ជាកាលបរិច្ឆេទ ដែលក្រុមហ៊ុនរៀបចំឈ្មោះ ភាគហ៊ុនិករបស់ខ្លួន គឺ ភាគហ៊ុនិកដែលមាន មូលបត្រ កម្មសិទ្ធិនៅកាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ ដែលមានសិទ្ធិជាផ្លូវការពេញលេញ ក្នុងការទទួលបានការទូទាត់ភាគលាភដល់ខ្លួន។ អ្នកដែលមាន ឈ្មោះក្នុងបញ្ជីឈ្មោះ​ភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ ឬសិទ្ធិ នឹងត្រូវបានក្រុមហ៊ុនទូទាត់ភាគលាភឱ្យនៅកាលបរិច្ឆេទូទាត់។ តាមការ ប្រកាសកាលបរិច្ឆេទប្រកាសបញ្ជីឈ្មោះ​ភាគហ៊ុនិក ដែលត្រូវទទួលបាន ភាគលាភ ឬសិទ្ធិ គឺ ធ្វើនៅថ្ងៃទី ១៥ ខែ មករា។
-               កាលបរិច្ឆេទទូទាត់ ជាកាលបរិច្ឆេទ ដែលភាគលាភនឹងត្រូវទូទាត់ ទៅឱ្យភាគហ៊ុនិក ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះ​ភាគហ៊ុនិក ដែលត្រូវទទួលបានភាគលាភ ឬសិទ្ធិ ដែលធ្វើឡើងក្នុងកាល បរិច្ឆេទប្រកាសបញ្ជីឈ្មោះ​ភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភ ឬសិទ្ធិ ដែលមានសិទ្ធិពេញលេញក្នុងការទទួលបានការទូទាត់ភាគលាភ។ តាមការប្រកាសខាងលើកាលបរិច្ឆេទទូទាត់ គឺនៅថ្ងៃទី ១ ខែ កុម្ភៈ។

                ភ្នាក់ងារទូទាត់

ភ្នាក់ងារទូទាត់ សំដៅដល់បុគ្គលដែលទទួលបានការទទួលស្គាល់ ឱ្យផ្តល់សេវាក្នុងនាម        ក្រុមហ៊ុនបោះផ្សាយមូលបត្រទៅលើការទូទាត់ភាគលាភ ការប្រាក់ ប្រាក់ដើមឬការទូទាត់ផ្សេងៗទៀតដែលត្រូវផ្តល់ឱ្យម្ចាស់មូលបត្រ កម្មសិទ្ធិដែលពាក់ព័ន្ឌ ទៅតាមការណែនាំរបស់ក្រុមហ៊ុនបោះផ្សាយមូលបត្រ។ អ្នកវិនិយោគសាធារណៈដែលទទួលបានការទូទាត់ភាគលាភអាចបើកប្រាក់ពីភ្នាក់ងារទូទាត់នេះ។ សម្រាប់ការទូទាត់ភាគលាភជាសាច់ប្រាក់ ភ្នាក់ងារទូទាត់អាច ទូទាត់ភាគលាភជារូបិយវត្ថុ ដែលជាធម្មតាទូទាត់តាមរយៈប្រព័ន្ធបញ្ជូនមូលនិធិ អេឡិចត្រូនិច ឬជាមូលប្បទានបត្រ។

Thursday, September 15, 2011

ទម្រង់ផ្សេងៗនៃការទូទាត់ភាគលាភ


ភាគលាភ ត្រូវបានចែកជាទម្រង់ផ្សេងៗ ដែលទម្រង់ទាំងនេះមានដូចជា៖

                                ភាគលាភជាសាច់ប្រាក់

ភាគលាភជាសាច់ប្រាក់ គឺជាចំណែកនៃប្រាក់ដែលរកបានដោយក្រុមហ៊ុន បោះផ្សាយមូលបត្រ ហើយក្រុមហ៊ុនបានទូទាត់ចំណែកនេះទៅឱ្យភាគហ៊ុនិក។ ប្រាក់ដែល ក្រុមហ៊ុនរកបាន មានក្រោមរូបភាព ២ យ៉ាង គឺប្រាក់ចំណេញពីដំណើរការអាជីវកម្ម របស់ក្រុមហ៊ុន និងប្រាក់ដែលរកបានក្នុងពេល       ជំរះបញ្ជីរំលាយក្រុមហ៊ុនទាំងស្រុង ឬផ្នែកណាមួយរបស់ក្រុមហ៊ុន។ ភាគលាភជាសាច់ប្រាក់ត្រូវបានទូទាត់ជារូបិយវត្ថុ ជាធម្មតាតាមរយៈប្រព័ន្ធបញ្ជូនមូលនិធិអេឡិចត្រូនិច ឬជាមូលប្បទានបត្រ។ ឧទាហរណ៍ ក្រុមហ៊ុនមួយបានប្រ​កាសថានឹងបែងចែកភាគលាភជាសាច់ប្រាក់ ២,០០០ រៀល ក្នុង ១ មូលបត្រកម្មសិទ្ធិ ប្រសិនបើភាគហ៊ុនិកមាន​ ១,០០០ មូលបត្រកម្មសិទ្ធិ ដូចនេះ ភាគហ៊ុនិកនឹងទទួលបានភាគលាភសរុប ២,០០០ x ១,០០០ = ២,០០០,០០០ រៀល ដោយមិនទាន់ដកពន្ធកាត់ទុក។
នៅពេលក្រុមហ៊ុនរកបានប្រាក់ចំណេញពីដំណើរការអាជីវកម្មរបស់ខ្លួន ប្រាក់ ចំណេញទាំងនេះអាចត្រូវបានប្រើប្រាស់ក្រោមរូបភាព ២ យ៉ាង គឺវិនិយោគប្រាក់ ចំណេញទៅក្នុងអាជីវកម្មវិញ          (វិនិយោគបន្ត) ឬ បែងចែកឱ្យភាគហ៊ុនិកជាភាគលាភ។ ជាទូទៅក្រុមហ៊ុនរក្សាទុកមួយចំណែក នៃប្រាក់ចំណេញ និង បែងចែកចំណែកប្រាក់ ចំណេញដែលនៅសល់ជាភាគលាភ ។ ភាគលាភជាសាច់ប្រាក់​ជាចំណែកនៃប្រាក់ចំណេញ ដែលក្រុមហ៊ុនអាចទូទាត់ទៅឱ្យភាគហ៊ុនិក តាមកាលកំណត់ទៀងទាត់      (សមាយិក)​ ឬ​លើមូលដ្ឋានមួយដងជាគោល។ ភាគលាភជាសាច់ប្រាក់នេះ ត្រូវបានបែងចែកជា ៣ ប្រភេទ​ គឺ ភាគលាភជាសាច់ប្រាក់យ៉ាងទៀងទាត់ ភាគលាភបន្ថែម និងភាគលាភពិសេស។ ភាគលាភទាំងនេះ ធ្វើឱ្យថ្លៃរបស់មូលបត្រកម្មសិទ្ធិកំពុងជួញដូរកើនឡើងថ្លៃក្រោយ កាលបរិច្ឆេទប្រកាស និង ធ្លាក់ចុះថ្លៃមកវិញចំពោះការជួញដូរទាំងឡាយណា ដែលធ្វើក្រោយកាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ (ករណីកត្តាផ្សេងៗមិនប្រែប្រួល ហើយមានរយៈពេលខ្លី)។ ការប្រែប្រួលថ្លៃរបស់មូលបត្រកម្មសិទ្ធិក្នុងករណីនេះ ពុំទាន់មានវិធីសាស្រ្តណា ដែលអាចកំណត់បានឡើយពីវិធីគណនាថ្លៃឡើងចុះ ឱ្យសុក្រិតបំផុតនោះទេ ព្រោះតែថ្លៃមូលបត្រកម្មសិទ្ធិទាក់ទងនឹងកត្តាច្រើនយ៉ាង។ ប៉ុន្តែដោយសន្មតយកភាគលាភជាកត្តាតែមួយគត់នៃការប្រែប្រួលថ្លៃរបស់មូលបត្រកម្មសិទ្ធិ ជាទូទៅក្រោយបរិចេ្ឆទប្រកាសភាគលាភ ថ្លៃរបស់មូលបត្រកម្មសិទ្ធិអាចកើនដល់ថ្លៃថ្មីមួយ ដែលបានពីថ្លៃ បច្ចុប្បន្ននៃមូលបត្រកម្មសិទ្ធិក្នុងកាលបរិច្ឆេទប្រកាសបូកនឹងភាគលាភ  (Pកាលរិច្ឆេទប្រកាស + D) និងអាចធ្លាក់ចុះមកវិញដល់ថ្លៃថ្មីមួយទៀត ដែលបានមកពីថ្លៃ បច្ចុប្បន្ននៃមូលបត្រកម្មសិទ្ធិក្នុងកាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ដកនឹងភាគលាភ (Pកាលរិច្ឆេទអ៊ិចឌីវីដឹនដ៍ - D)
នៅពេលក្រុមហ៊ុនរកបានប្រាក់ពីការជំរះបញ្ជីរំលាយក្រុមហ៊ុនរបស់ខ្លួន ឬផ្នែក ណាមួយរបស់ក្រុមហ៊ុនខ្លួន ភាគលាភជាសាច់ប្រាក់ដែលជាចំណែកនៃប្រាក់រកបានទាំងនេះ តូ្រវបានគេឱ្យឈ្មោះថា “ភាគលាភក្ស័យធន”។ ខ្ញុំបាទមិនបានសិក្សាស៊ីជម្រៅពី ការប្រែប្រួលថ្លៃនៃមូលបត្រកម្មសិទ្ធិក្នុងករណីភាគលាភក្ស័យធននេះនៅឡើយទេ ប៉ុន្តែ ជាមូលដ្ឋាន ថ្លៃមូលបត្រកម្មសិទ្ធិក្នុងករណីនេះ អាស្រ័យលើទស្សនៈ របស់បុគ្គលក៏ដូចជាស្ថាប័នទៅលើមូលហេតុនៃការទូទាត់របស់ក្រុមហ៊ុន។
ការទូទាត់ភាគលាភជាសាច់ប្រាក់ ធ្វើឱ្យមានការថយចុះនូវមូលធន និងប្រាក់ចំណេញរក្សាទុករបស់ក្រុមហ៊ុន លើកលែងតែការទូទាត់លើភាគលាភក្ស័យធន ប៉ុណ្ណោះ ដែលប្រហែលជាអាចធ្វើឱ្យ ថយចុះមូលធនសម្រាប់សងបំណុលរបស់ក្រុមហ៊ុន។

                                       ក. ភាគលាភជាសាច់ប្រាក់យ៉ាងទៀងទាត់
ក្រុមហ៊ុនបោះផ្សាយមូលបត្រ ទូទាត់ភាគលាភជាសាច់ប្រាក់យ៉ាងទៀងទាត់ ទៅកាន់ភាគហ៊ុនិក ប្រចាំត្រីមាស ប្រចាំឆមាស និងប្រចាំឆ្នាំជាដើម ។ ប៉ុន្តែជាទូទៅក្រុមហ៊ុនទូទាត់ប្រចាំត្រីមាស គឺ មានន័យស្មើនឹងធ្វើការទូទាត់ ៤ ដង ក្នុង ១​ ឆ្នាំ។ ស្ថេរភាពកំណត់ត្រារយៈពេលយូរមួយនៃការបែងចែកភាគ-លាភយ៉ាងទៀងទាត់ បាន បង្ហាញពីសញ្ញាណជា​វិជ្ជមានពីស្ថេរភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក៏ដូចជាសេចក្តីទុកចិត្ត ទៅលើទស្សនៈវិស័យអនាគតក្នុងការគ្រប់គ្រងរបស់ក្រុមហ៊ុន។ ប៉ុន្តែនៅពេល ក្រុមហ៊ុនទូទាត់នូវចំណែកដ៏ច្រើននៃប្រាក់រកបានជាភាគលាភ វាអាចជាសញ្ញាណមួយ ដែលបង្ហាញថាក្រុមហ៊ុនអាចពុំមានគម្រោង ដែលមានលទ្ធភាពចំណេញគ្រប់គ្រាន់ សម្រាប់ក្រុមហ៊ុនរបស់ខ្លួនឡើយ ដែលកត្តានេះធ្វើឱ្យមានការចោទសួរពីលទ្ធភាព រីកចម្រើនរយៈពេលវែងរបស់ក្រុមហ៊ុននោះ។ ទោះយ៉ាងនេះក្តី ការទូទាត់ភាគលាភយ៉ាងទៀងទាត់នេះ គឺទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីវិនិយោគិន ដែលសម្លឹងរកប្រាក់ចំណូលតាមកាលកំណត់ទៀងទាត់ (ដូចជានិវត្តជន) ហើយខណៈពេលអាចការពារ   ការខាតបង់នូវមូលធន ឬប្រាក់ដើមទុនរបស់ខ្លួនបាន។
ដូចនេះ ការទូទាត់ភាគលាភធ្វើឱ្យវិនិយោគិនសប្បាយចិត្ត ព្រោះតែធ្វើឱ្យវិនិយោគិនមួយចំនួនមានទំនុកចិត្ត ឬ បានចំណេញពីការវិនិយោគរបស់ខ្លួន។ ដោយសាមញ្ញវិនិយោគិនមួយចំនួនយល់-ឃើញថា ការទូទាត់ភាគលាភ ជារង្វាស់ក្នុងការ​វាស់វែងសុខភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហើយវិនិយោគិនមួយចំនួនទៀតពឹងផ្អែក លើការទូទាត់ភាគលាភជាចំណូលបន្ថែម។
                                                ខ. ភាគលាភបន្ថែម និងភាគលាភពិសេស
ក្រុមហ៊ុនបោះផ្សាយមូលបត្រអាចទូទាត់ភាគលាភបន្ថែម ពីលើភាគលាភ ជាសាច់ប្រាក់យ៉ាង ទៀងទាត់ទៅកាន់ភាគហ៊ុនិករបស់ខ្លួន។ ការទូទាត់ភាគលាភបន្ថែមនេះ មិនត្រូវបានធានាថានឹងត្រូវ បានទូទាត់ម្តងទៀតនៅពេលអនាគតនោះទេ។ ចំណែកឯភាគលាភពិសេសមានលក្ខណៈស្រដៀងគ្នា នឹងភាគលាភបន្ថែមដែរ ប៉ុន្តែវាត្រូវបានគេធ្វើការទូទាត់តែម្តងប៉ុណ្ណោះ ហើយនឹងមិនធ្វើការទូទាត់ម្តង ទៀតឡើយ​។
ក្រុមហ៊ុនដែលមានដំណើរការពាក់ព័ន្ធដោយផ្ទាល់ជាមួយនឹងវដ្តអាជីវកម្ម បានន័យ ថាក្រុមហ៊ុនអាចបង្កើតឱ្យមានភាពលើកម្រិតក្នុងការលក់ជាមធ្យម និង​ មានភាព លើកម្រិតនៃប្រាក់ចំណេញជាមធ្យមរបស់ខ្លួនទៅតាមវដ្តរបស់អាជីវកម្ម។ នៅពេលវិបុលកម្ម សេដ្ឋកិច្ច ឬ ឆ្នាំដែលក្រុមហ៊ុនមាន  សមត្ថភាពរកប្រាក់បានខ្លាំង ក្រុមហ៊ុនអាចបែងចែក ប្រាក់រកបានលើកម្រិតមធ្យមខ្លះទាំងនេះជាភាគលាភបន្ថែម ឬភាគលាភពិសេស បន្ថែមពីលើភាគលាភជាសាច់​ប្រាក់យ៉ាងទៀងទាត់ដល់ភាគហ៊ុនិក ដើម្បីឱ្យភាគហ៊ុនិក របស់ខ្លួនសប្បាយចិត្ត។ សម្រាប់វិនិយោគិនមួយចំនួន ការទូទាត់ភាគលាភបន្ថែម ឬ ភាគលាភពិសេសក្នុងទំហំ​ធំមួយ ជាសញ្ញាណជាវិជ្ជមានមួយបញ្ជាក់ពីសេ្ថរភាពហិរញ្ញវត្ថុ និងទស្សនៈ         វិស័យអនាគតច្បាស់លាស់របស់ក្រុមហ៊ុនប៉ុន្តែជាដដែលផងដែរ សម្រាប់វិនិយោគិនខ្លះ ពួកគាត់អាចគិតថា វាជាសញ្ញាណដែលបញ្ជាក់ថា ក្រុមហ៊ុនពុំមានគម្រោង ដែលមានលទ្ធភាពចំណេញគ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនរបស់ខ្លួន។ សរុបសេចក្តីមក រាល់ព័ត៌មានខ្លះ ដែលក្រុមហ៊ុនផ្សព្វផ្សាយ វាក្លាយជាសញ្ញាណ ដែលមានទំនាក់ទំនងដោយផ្ទាល់ ដែលទាក់ទាញនូវចំណាប់អារម្មណ៍របស់ វិនិយោគិនទៅតាមទស្សនៈ និងផ្នត់គំនិតរបស់វិនិយោគិននីមួយៗ។​
                                            គ. ភាគលាភក្ស័យធន
នៅពេលក្រុមហ៊ុនបោះផ្សាយមូលបត្ររកបានប្រាក់ពីការជំរះបញ្ជីរំលាយក្រុមហ៊ុនទាំងស្រុង ឬផ្នែកណាមួយរបស់ក្រុមហ៊ុន ភាគលាភជាសាច់ប្រាក់ ដែលជាចំណែកនៃប្រាក់ទាំងនេះតូ្រវបានគេឱ្យឈ្មោះថា “ភាគលាភក្ស័យធន”។ ក្រុមហ៊ុនអាចលក់ដោះទ័លនូវទ្រព្យសកម្មរបស់ខ្លួនជាសាច់ប្រាក់ រួចធ្វើការទូទាត់ទៅភាគហ៊ុនិករបស់ខ្លួននូវចំណែកដែលនៅសល់។ ប៉ុន្តែផ្ទុយទៅវិញនោះ ក្រុមហ៊ុនដែលខ្លាំងល្មមខ្លះ ឬក្រុមហ៊ុនដែលធ្វើទំនើបភាវូបនីយកម្មខ្លះ អាចធ្វើការទូទាត់ជាភាគលាភទៅឱ្យភាគហ៊ុនិក របស់ខ្លួនបន្ទាប់ពីការលក់ការិយាល័យ ឬផ្នែកណាមួយរបស់ខ្លួនដែលមិនផ្តល់ចំណេញ ឬចាស់ដែលមិនមានគុណវឌ្ឍ និង ផ្តល់អត្ថប្រយោជន៍គ្រប់គ្រាន់សម្រាប់ដំណើរការរបស់ក្រុមហ៊ុន។
ភាគលាភជាមូលបត្រកម្មសិទ្ធិ
ភាគលាភត្រូវបានទូទាត់ឱ្យភាគហ៊ុនិកក្នុងទម្រង់ជាមូលបត្រកម្មសិទ្ធិ ភាគលាភ នេះហៅថា “ភាគលាភជាមូលបត្រកម្មសិទ្ធិ”។ ភាគលាភជាមូលបត្រកម្មសិទ្ធិ មិនត្រូវបានទូទាត់ជារូបវិយវត្ថុនោះទេ។ ការទូទាត់ភាគលាភជាមូលបត្រកម្មសិទ្ធិ ភាពជាម្ចាស់កម្មសិទ្ធិ ឬភាគកម្មរបស់ភាគហ៊ុនិកពុំមាន   ការប្រែប្រួលឡើយ។ ការទូទាត់ភាគលាភជាមូលបត្រកម្មសិទ្ធិនេះ គឺធ្វើឱ្យបរិមាណមូលបត្រកម្មសិទ្ធិរបស់ ភាគហ៊ុនិកដែលត្រូវទទួលបានភាគលាភមានការកើនឡើង ហើយការទូទាត់ភាគលាភ ជាមូលបត្រកម្មសិទ្ធិនេះមិនធ្វើឱ្យតម្លៃសរុបនៃមូលបត្រកម្មសិទ្ធិរបស់ភាគហ៊ុនិកមានការប្រែប្រួលឡើយ។ ក្នុងន័យសាមញ្ញបានន័យថា ភាគហ៊ុនិកមានបរិមាណមូលបត្រកម្មសិទ្ធិ ក្នុងដៃកើនឡើងច្រើនជាងមុន តម្លៃសរុបរបស់មូលបត្រកម្មសិទ្ធិថេរទោះបីថ្លៃរបស់ មូលបត្រកម្មសិទ្ធិនីមួយៗ នឹងធ្លាក់ចុះក្រោយកាលបរិច្ឆេទប្រកាសក៏ដោយ។ ជាធម្មតាភាគលាភជាមូលបត្រកម្មសិទ្ធិ គឺ ត្រូវទូទាត់ឱ្យដោយគិតជា ភាគរយធៀបនឹងបរិមាណមូលបត្រកម្មសិទ្ធិ ដែលភាគហ៊ុនិកកាន់កាប់មុនពេល ទូទាត់ភាគលាភ ។ ភាគលាភជាមូលបត្រកម្មសិទ្ធិនេះមិនត្រូវបាន កាត់ទុកចំណែកខ្លះសម្រាប់បង់ពន្ធឡើយ។
ឧទាហរណ៍ ក្រុមហ៊ុនមាន ១០,០០០,០០០,០០០ រៀល ជាតម្លៃទីផ្សារនៃ មូលធនរបស់ខ្លួន ហើយនៅពេលបច្ចុប្បន្ន ក្រុមហ៊ុនមានបរិមាណមូលបត្រ កម្មសិទ្ធិរបស់ខ្លួនចំនួន ១,០០០,០០០ មូលបត្រ កំពុងចរាចរលើទីផ្សារ នោះថ្លៃបច្ចុប្បន្នរបស់មូលបត្រកម្មសិទ្ធិមួយគឺ ១០,០០០,០០០,០០០ / ១,០០០,០០០ = ១០,០០០ រៀល។ ប្រសិនបើ​ក្រុមហ៊ុនប្រកាស  ផ្តល់ភាគលាភជាមូលបត្រកម្មសិទ្ធិ ១០% ហើយតម្លៃទីផ្សារនៃមូលធនរបស់ក្រុមហ៊ុនមិនប្រែប្រួល នោះបរិមាណមូលបត្រកម្មសិទ្ធិ ដែលកំពុងចរាចរនឹងកើនឡើង ១០០,០០០ មូលបត្រ គឺកើនឡើងបាន ១០% ហើយចំពោះថ្លៃក្នុងមូលបត្រកម្មសិទ្ធិមួយគឺ ១០,០០០,០០០,០០០ / (១,០០០,០០០ + ១០០,០០០) = ៩,០០០ រៀល
ភាគលាភជាទ្រព្យសម្បត្តិ គឺភាគលាភត្រូវបានទូទាត់ឱ្យភាគហ៊ុនិកក្នុងទម្រង់ ជាទ្រព្យសកម្ម។ មានន័យថា ភាគលាភប្រភេទនេះកើតឡើងនៅពេលក្រុមហ៊ុន បែងចែកជាទំនិញ ឬសេវាកម្ម “ជា  ប្រភេទនៃទ្រព្យសម្បត្តិ” ទៅកាន់ភាគហ៊ុនិក​ជំនួសឱ្យការទូទាត់ភាគលាភជាសាច់ប្រាក់ ឬជាមូលបត្រ           កម្មសិទ្ធិ។ ភាគលាភ ជាទ្រព្យសម្បត្តិអាចមានក្នុងទម្រង់រូបីណាមួយ ហើយត្រូវបានគេកត់ត្រាតាមតម្លៃ ទីផ្សាររបស់វានៅកាលបរិច្ឆេទប្រកាសនៃការទូទាត់ភាគលាភ។ វាដូចជាទម្រង់នៃការទូទាត់ ភាគលាភជាសាច់ប្រាក់ដែរ ភាគលាភជាទ្រព្បសម្បត្តិជាប់ពន្ធតាមតម្លៃទីផ្សាររបស់វា នៅកាលបរិច្ឆេទប្រកាសនៃការទូទាត់ភាគលាភ។ ថ្លៃមូលបត្រកម្មសិទ្ធិមានចរន្តប្រហាក់ ប្រហែលនឹងការទូទាត់ភាគលាភជាសាច់ប្រាក់យ៉ាងទៀងទាត់ ភាគលាភពិសេស និងភាគលាភបន្ថែមដែរ។ ភាគលាភទជាទ្រព្យសម្បត្តិធ្វើឱ្យថ្លៃរបស់មូលបត្រកម្មសិទ្ធិ កំពុងជួញដូរកើនឡើងថ្លៃក្រោយកាលបរិច្ឆេទប្រកាស និង ធ្លាក់ចុះថ្លៃមកវិញចំពោះការជួញដូរទាំងឡាយណាដែលធ្វើក្រោយកាលបរិច្ឆេទអ៊ិចឌីវីដឹនដ៍ (ករណីកត្តាផ្សេងៗមិនប្រែប្រួល ហើយមានរយៈពេលខ្លី)។

                                ភាគលាភក្នុងទម្រង់ផ្សេងៗទៀត

ភាគលាភក្នុងទម្រង់ផ្សេងៗទៀតនេះ ត្រូវបានទូទាត់ឱ្យភាគហ៊ុនិកក្នុងទម្រង់ជាទ្រព្យ សកម្មហិរញ្ញវត្ថុទៅតាមតម្លៃទីផ្សាររបស់វា ឬ ពេលខ្លះជាទម្រង់នៃសិទ្ធិណាមួយ ដែលផ្តល់ដោយក្រុមហ៊ុន បោះផ្សាយមូលបត្រ។ ខ្ញុំបាទពុំបានសិក្សាស៊ីជម្រៅ លើការទូទាត់ភាគលាភក្នុងទម្រង់ផ្សេងៗទៀតនេះទេ។