អ្វីជាទីផ្សារមូលបត្រ? ជាបឋមគួរស្វែងយល់ពីពាក្យបច្ចេកទេសមួយចំនួនជាមុនសិន ដូចជា ទីផ្សារ (Market) និងក្រុមហ៊ុនផ្សារ (Exchange) ទីផ្សារភាគហ៊ុន ឬទីផ្សារ មូលបត្រ (Stock Market or Securities Market) និង ក្រុមហ៊ុនផ្សារភាគហ៊ុន ឬក្រុមហ៊ុនផ្សារមូលបត្រ (Stock Exchange or Securities Exchange)។ ទីផ្សារ គឺជាទីកន្លែងណាមួយ ឬយន្តការណាមួយដែលអ្នកលក់ និងអ្នកទិញអាចជួបគ្នា ដើម្បីដោះដូរនូវទំនិញ និងសេវាកម្មតាមតម្លៃព្រមព្រៀងគ្នាមួយជាក់លាក់។ ចំណែកក្រុមហ៊ុនផ្សារជាទីកន្លែង ជាក់លាក់ ដែលផ្តល់យន្តការ ឬត្រូវបានគេរៀបចំ ឡើងសម្រាប់ ឱ្យ អ្នកលក់ និងអ្នកទិញជួបគ្នា ដើម្បីដោះដូរនូវទំនិញ និងសេវាកម្មតាម តម្លៃព្រមព្រៀងគ្នាមួយជាក់លាក់។ ដូចនេះ កាលណាគេនិយាយអំពីទីផ្សារមូលបត្រ គឺជាទីកន្លែងណាមួយ ដែលផ្តល់យន្តការសម្រាប់អ្នកលក់ និងអ្នកទិញឱ្យជួបគ្នា ដើម្បីដោះដូរនូវមូលបត្រតាមតម្លៃព្រមព្រៀងគ្នាមួយជាក់លាក់។ ទីផ្សារមូលបត្រមានន័យ សំដៅលើវិស័យមូលបត្រនៅក្នុងប្រទេសនោះទាំងមូល។ ចំណែកកាលណាគេនិយាយពី ក្រុមហ៊ុនផ្សារមូលបត្រ គេសំដៅលើកន្លែងដែលផ្តល់យន្តការជាក់លាក់ ឬត្រូវបាន រៀបចំឡើងសម្រាប់ឱ្យអ្នកលក់ និងអ្នកទិញជួបគ្នា ដើម្បីដោះដូរនូវមូលបត្រ តាមតម្លៃព្រមព្រៀងគ្នាមួយជាក់លាក់។ ឧទាហរណ៍៖
- ទីផ្សារមូលបត្រនៅសហរដ្ឋអាមេរិកៈ សហរដ្ឋអាមេរិកមានក្រុមហ៊ុនផ្សារ មូល- បត្រមួយចំនួន នៅក្នុង ទីផ្សារមូលបត្ររបស់ខ្លួនដូចជា ក្រុមហ៊ុនផ្សារភាគហ៊ុន ញូយ៉ក (New York Stock Exchange or NYSE) ក្រុមហ៊ុនផ្សារភាគហ៊ុន អាមេរិក (American Stock Exchange or AMEX)។
- ទីផ្សារមូលបត្រនៅប្រទេសជប៉ុនៈ ជប៉ុនមានផ្សារមូលបត្រមួយចំនួននៅលើទីផ្សារ មូលបត្ររបស់ខ្លួនផងដែរដូចជា ក្រុមហ៊ុនផ្សារភាគហ៊ុនតូក្យូ (Tokyo Stock Exchange) ក្រុមហ៊ុនផ្សារភាគហ៊ុនណាកូយ៉ា (Nagoya Stock Exchange) និងក្រុមហ៊ុនផ្សារមូលបត្រអូសាកា (Osaka Securities Exchange)។
- ចំណែកទីផ្សារមូលបត្រនៅកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបចំ ហើយដោយ សហការជាមួយក្រុមហ៊ុនផ្សារកូរ៉េ (Korea Exchange or KRX) ដើម្បីបង្កើតទីផ្សារមូលបត្រដំបូងនៅកម្ពុជា គឺ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (Cambodia Securities Exchange or CSX )។
No comments:
Post a Comment